ការដាក់ពាក្យសុំការទទួលស្គាល់គុណភាពជាអ្នកផ្ដល់សេវាឬបើកវគ្គ អវប អាចទាញយកទម្រង់ពាក្យស្នើសុំពីគេហទំព័ររបស់ការិយាល័យគ្រប់គ្រង អវប (ឧបសម្ព័ន្ធ៨) រួចបំពេញព័ត៌មាន និងបញ្ជូនទៅ ការិយាល័យគ្រប់គ្រង អវប ដោយមានភស្ដុតាងគាំទ្រគ្រប់គ្រាន់។ អ្នកដាក់ពាក្យស្នើសុំត្រូវបំពេញឱ្យបានតាមលក្ខណៈវិនិច្ឆ័យទទួលស្គាល់គុណភាព និងមានភស្ដុតាងជាក់លាក់ ។ ក្នុងករណីមានភ័ស្ដុតាងជាទម្រង់ឯកសារច្រើនទំព័រ គួរតែបញ្ជាក់ពីផ្នែកដែលពាក់ព័ន្ធ និងលេខរៀងទំព័រ។ បន្ទាប់ពីការពិនិត្យពាក្យស្នើសុំនិងភ័ស្ដុតាងដោយប្រើឧបករណ៍ពាក់ព័ន្ធ បុគ្គលិកការិយាល័យគ្រប់គ្រង អវប នឹងអញ្ជើញអ្នកដាក់ពាក្យស្នើសុំឬក៏សុំផ្ដល់ភ័ស្ដុតាងបន្ថែមក្នុងករណីចាំបាច់ តែបើពិនិត្យឃើញថាបានបំពេញតាមលក្ខខណ្ឌ ការិយាល័យគ្រប់គ្រង អវប នឹងបញ្ជូនទៅ គណៈកម្មការសម្រាប់ ពិនិត្យ វាយតម្លៃ និង ផ្តល់ការទទួលស្គាល់គុណភាពគ្រឹះស្ថាន និងអ្នកផ្តល់សេវាការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ដើម្បីសម្រេចចុងក្រោយ។ រយៈពេលនៃការផ្ដល់លទ្ធផលស្នើសុំការទទួលស្គាល់គុណភាពយ៉ាងយូរ ៦០ ថ្ងៃគិតចាប់ពីពេលស្នើសុំដោយមានភ័ស្ដុតាងគ្រប់គ្រាន់។ រូបទី៤ខាងក្រោមបង្ហាញពីដំណាក់នៅក្នុងនីតិវិធីទទួលស្គាល់គុណភាព។